កម្មពិធីបុណ្យមាឃបូជា
មាឃបូជា ជាពិធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនាដែលរួមមាន មាឃបូជា ពិសាខបូជា អាសាឡ្ហបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្ដសករាជ នាថ្ងៃទី ១៥ កើតខែមាឃ ក្រោយពីឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការណ៍ចំនួន ១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត បានយល់ថាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត បានយល់ពីពុទ្ធសាសនា។ គោលការណ៍ ទាំង ១១ ប្រការនេះ មានឈ្មោះជាភាសាបាលីថា ឱវាទប្បាដិមោក្ខ ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមកសិក្សាឲ្យ យល់ដឹង និងអនុវត្តដូចតទៅ
១- គោលបំណងរបស់ ព្រះពុទ្ធសាសនា ឬក៏ដូចជាគោលបំណងរបស់ពុទ្ធសាសនិកម្នាក់ៗ គឺស្វែងរកនិព្វានដែលប្រែថា សភាវៈប្រាសចាកទុក្ខមិនមាន សេចក្ដីទុក្ខ មិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនឹង ពាក្យថា សន្តិ ដែលប្រែថា សេចក្ដីស្ងប់។ យើងអាចនិយាយថា គោលបំណងរបស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវសន្តិភាពក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃសន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្ដិភាពដល់ខ្លួន និងចូលរួមចំណែកដល់សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ៗត្រូវប្រឹងប្រែង ធ្វើឲ្យសម្រេច។
២- គោលដៅ សន្ដិភាព ឬនិព្វាន មិនមែនកើតឡើងដោយការសូម បន់ស្រន់បួងសួងទេ ក៏មិនអាចកើត ឡើងដោយសារការផ្ដល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់អាទិទេព ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំរបស់សកម្មភាព ៣ យ៉ាងគឺ
១- ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនឹងផ្លូវសម្ដី។
២- ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតស្ថេរគង់វង្សក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងអំពើល្អខាងផ្លូវកាយ និងផ្លូវសម្ដី។
៣- ពង្រឹងចិត្តដែលជាមូលដ្ឋាននៃអំពើល្អ ដោយកម្ចាត់កិលេសឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។
២. លក្ខណៈរបស់ព្រះពុទ្ធសាសនិកជនៈ
លក្ខខណ្ឌទី ១ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និងកម្ចាត់អំពើអាក្រក់។
លក្ខខណ្ឌទី ២ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
លក្ខខណ្ឌទី ៣ មិនប្រើពាក្យបៀតបៀន និងតិះដៀលអ្នកដទៃ។
លក្ខខណ្ឌទី ៤ រក្សាសីលរស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
លក្ខខណ្ឌទី ៥ បរិភោគប្រើប្រាស់វត្ថុទាំងឡាយដោយសន្សំសំចៃ និងស្គាល់ប្រមាណ។
លក្ខខណ្ឌទី ៦ ចូលលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។
លក្ខខណ្ឌទី ៧ មានសេចក្ដីព្យាយាមក្នុងការសម្អាតចិត្តធ្វើឲ្យមានសមាធិ។
៣. មេរៀនពីបុណ្យមាឃបូជា ថ្ងៃនេះជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រកាសគោលការណ៍ទាំង ១១ ប្រការនេះសម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់
ចំណុច ១ ក្នុងឋានៈជាបរិស័ទ ការអនុវត្តតាមប្រការទាំង ១១ នេះនឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។
ចំណុច ២ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការដែលមានគោលបំណងរួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវសន្តិភាព និងការអភិវឌ្ឍដែលប្រកបដោយនិរន្តរភាព។
ចំណុច ៣ ក្នុងឋានៈជាក្រុមបក្សនៅក្នុងសង្គមឬប្រទេសជាតិមួយ ដែលព្យាយាម ស្វែងរកនូវឱកាសដើម្បីរក្សាសន្តិភាពនិងជំរុញដល់ការអភិវឌ្ឍដល់ ប្រទេសជាតិតែឯងនោះ ការគោរពតាមគោលការណ៍ទាំង ១១ ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថេរភាព ជម្លោះ និងអំពើហិង្សា ដែលកើតមកពីការប្រកួតប្រជែងគ្នាបាន។
ចំណុច ៤ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំ ឲ្យមានការយោគយល់ការផ្ដល់កិត្តិយសដល់គ្នានឹងគ្នា និងការស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិ បើទោះជាមាន សាសនាខុសគ្នាៗដ៏ដោយ។
ចំណុច ៥ ក្នុងឋានជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាពនៃមនុស្សជាតិបរិស្ថានធម្មជាតិ ដណ្ដើមគ្នាដើម្បីរស់ឡើយ។
សង្ឃឹមថាយើងម្នាក់ៗ អាចទាញយកប្រយោជន៍បានខ្លះពីថ្ងៃមាឃបូជានេះ និងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថ្ងៃនេះ ដើម្បីបូជា និងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នា។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
No comments:
Post a Comment