Monday, August 31, 2015

តួនាទីរបស់មិត្ត The role of friend


តួនាទីរបស់មិត្ត

ក្នុង ​សិង្គាលសូត្រ ព្រះអង្គ​ត្រាស់​ពីតួនាទី​របស់​មិត្ត​ចំពោះ​សិង្គាលកមាណព ថា " ម្នាល​គហបតិបុត្ត មិត្តអមាត្រ​ជាទិសខាងជើង កុលបុត្ត​ត្រូវប្រតិបត្តិដោយ​ស្ថាន​ទាំងឡាយ ៥ យ៉ាង គឺ

១ ទានេន ដោយការ​ឲ្យរបស់
២ បិយវជ្ជេន ដោយ​ការនិយាយ​តែពាក្យ​គាប់​ចិត្ត
៣ អត្តចរិយាយ ដោយការ​ប្រព្រឹត្ត​ជាប្រយោជន៍
៤ សមានត្តតាយ ដោយ​ការ​ប្រព្រឹត្តិ​ខ្លួនស្មើ
៥ អវិសំវាទនតាយ ដោយការ​មិនកុហក​បញ្ឆោត។


ម្នាល ​គហបតិបុត្ត មិត្តអមាត្យ ជាទិស​ខាង​ជើង កុលបុត្ត​ត្រូវ​ប្រតិបត្តិ​ដោយ​ស្ថាន​ទាំងឡាយ ៥ នេះ​ឯង​ហើយ​រមែង​អនុគ្រោះ​កុលបុត្ត​ដោយស្ថាន ៥ យ៉ាង​គឺ


១- បមត្តំ រក្ខន្តិ រក្សា​មិត្ត​ដែល​ធ្វេសប្រហែស
២- បមត្តស្ស សាបតេយ្យំ រក្ខន្តិ ជួយថែទាំ​ទ្រព្យ​សម្បត្តិ​របស់​មិត្ត ដែល​ធ្វេស​ប្រហែស
៣- ភីតស្ស សរណំ ហោន្តិ ជាទីពឹង​របស់​មិត្ត​ដែល​មានភ័យ
៤- អាបទាសុនវិជហន្តិ មិនបោះបង់​គ្នា​ក្នុងគ្រា​វិបត្តិ
៥- អបរបជំបិស្ស បដិបូជេន្តិ រាប់អាន​រហូត​ដល់​ផៅ​ពង្ស​របស់​មិត្ត។

ម្នាល ​គហបតិបុត្ត មិត្តអមាត្យ ជាទិសខាង​ជើង ដែល​កុលបុត្ត​ត្រូវ​ប្រតិបត្តិដោយស្ថាន ៥ នេះ​ឯង​ហើយ រមែង​អនុគ្រោះកុលបុត្ត​ដោយ​ស្ថាន ៥ យ៉ាង​នេះ ទិស​ខាង​ជើង​នុ៎ះ ដែល​កុលបុត្ត​បានបិទបាំង​ហើយ ជាទិស​មាន​សេចក្ដី​ក្សេមឥត​មានភយន្តរាយយ៉ាង​នេះ។

នៅ​ក្នុងមិត្តាមិត្តជាតក ព្រះសាស្ដា​ត្រាស់​ថា "​អ្នកដែល​មិនមែន​មិត្ត និង​អ្នក​ដែល​ជាមិត្ត គប្បី​ដឹង​បាន​ដោយ​អាការ ៣២ ប្រការ"។

ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ
website: voeurnkimlon.blogspot.com

No comments:

Post a Comment