Sunday, August 9, 2015

អានអត្ថបទខាងក្រោមៈ​ មិត្តប្លម ៤ ពួក



មិត្តប្លម ៤ ពួក



ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់​ពួក​មនុស្សដែល​មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ៤ ពួកនេះ គឺអ្នកត្រូវស្គាល់ អញ្ញទត្ថុហរោ (មនុស្សដែល​គិត​តែ​ប្រយោជន៍​ខ្លួន) ថា​មិនមែន​ជាមិត្ត គ្រាន់​តែជាមិត្តប្លម ១, អ្នកត្រូវស្គាល់ វចីបរមោ (មនុស្សល្អតែសំដី) ថាមិន​មែនជាមិត្ត គ្រាន់តែជាមិត្ត​ប្លម ១, អ្នកត្រូវស្គាល់ អនុប្បិយភាណី (មនុស្ស​ដែល​និយាយ​ចាក់បណ្ដោយ​ឲ្យគាប់ចិត្ត) ថាមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ១, អ្នកត្រូវស្គាល់ អបាយសហាយោ (មនុស្ស​ជាសម្លាញ់​ក្នុងការដឹកនាំ​ឲ្យវិនាស​ភោគៈទាំងឡាយ) ថា​មិនមែន​ជាមិត្ត​គ្រាន់តែជាមិត្តប្លន់ ១។

ម្នាលគហបតិបុត្ត មនុស្ស​គិតយកតែប្រយោជន៍​ខ្លួនមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម(នោះ) អ្នកត្រូវស្គាល់​ដោយស្ថាន ៤ យ៉ាងគឺ មិត្តគិតតែប្រយោជន៍ខ្លួន ១ មិត្តប្រាថ្នាយករបស់ច្រើន ដោយ(ឲ្យ)របស់តិចតួច ១ ទាល់តែមាន​ភ័យ​ទើប​ជួយ​ធ្វើកិច្ចរបស់មិត្ត ១ សេពគប់មិត្ត ព្រោះហេតុតែ​ប្រយោជន៍ ១។ ម្នាល​គហបតិបុត្ត មិត្តគិតយកតែ​ប្រយោជន៍ខ្លួន មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់​ដោយស្ថាន ៤ យ៉ាងនេះឯង។

ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្ត​ទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់​ដោយស្ថាន ៤ គឺ មិត្តទទួល​រាក់ទាក់ដោយរបស់ដែលកន្លងហើយ ១ ទទួលរាក់ទាក់ដោយរបស់ដែលមិនទាន់មានមក ១ សង្គ្រោះ​ដោយអំពើឥតប្រយោជន៍ ១ កាលកិច្ចទាំងឡាយកើតឡើងភ្លាមៗ ក៏សម្ដែង​អាងរបស់ខូចខាត ១ ម្នាល​គហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់​ដោយស្ថាន ៤ យ៉ាងនេះឯង។

ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្ដោយ​ឲ្យគាប់​ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែ​ជាមិត្តប្លម អ្នកត្រូវស្គាល់​ដោយស្ថាន ៤ យ៉ាងគឺ បើមិត្ត​ធ្វើអំពើអាក្រក់ ក៏យល់ព្រម​តាម ១ មិត្ត​ធ្វើអំពើ​ល្អក៏យល់ព្រមតាម ១ ពណ៌នាគុណមិត្តតែក្នុងចំពោះមុខ ១ ពោលទោសមិត្ត​ក្នុងទីកំបាំងមុខ ១។ ម្នាល​គហបតិបុត្ត មិត្តនិយាយ​ចាក់បណ្ដោយ​ឲ្យគាប់ចិត្ត មិន​មែនជាមិត្ត​ទេ គ្រាន់តែ​ជាប្លម អ្នកត្រូវស្គាល់​ដោយ​ស្ថាន ៤ យ៉ាងនេះឯង។

ម្នាលគហបតិបុត្ត មនុស្សជាសម្លាញ់​ក្នុងផ្លូវវិនាស មិនមែនជាមិត្ត​ទេ គ្រាន់តែជាមិត្ត​ប្លម អ្នកត្រូវស្គាល់​ដោយស្ថាន ៤ យ៉ាងគឺ ជាសម្លាញ់ក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹងគឺសុរាមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ ១ ជាសម្លាញ់​ក្នុងកិរិយា​ប្រកប​រឿយៗ នូវការត្រាច់ទៅតាមច្រកល្ហកខុសកាល ១ ជាសម្លាញ់​ក្នុងកិរិយា​ដើរមើលល្បែង​មហោស្រព ១ ជាសម្លាញ់​ក្នុងកិរិយា​ប្រកប​រឿយៗ នូវល្បែងភ្នាល់​ដែល​ជាហេតុ ជាទីតាំងសេចក្ដីប្រមាទ ១។ ម្នាលគហបតិបុត្ត មនុស្សជាសម្លាញ់ ក្នុងផ្លូវវិនាស​មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់​ដោយស្ថាន ៤ យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់​បានសម្ដែង​សេចក្ដីនេះ លុះព្រះសុគតសាស្ដាសម្ដែង​នេះ​ហើយ ទើបទ្រង់សម្ដែងពាក្យគាថាព័ន្ធតទៅទៀតថា
បុគ្គល​ដែលជាមិត្តគិតតែប្រយោជន៍ខ្លួន ១ បុគ្គលដែល​ជាមិត្តល្អតែសំដី ១ បុគ្គល​ដែលនិយាយ​ចាក់បណ្ដោយឲ្យគាប់ចិត្ត ១ បុគ្គល​ដែល​ជាសម្លាញ់​ក្នុងផ្លូវវិនាស ១ បណ្ឌិត​ដឹងថា បុគ្គល​ទាំង ៤ ពួកនុ៎ះ មិនមែនជាមិត្ត ហើយគប្បី​ចៀសវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរ ចៀសវាងផ្លូវដែលប្រកប​ដោយភ័យ​ដូច្នោះ។

ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ

No comments:

Post a Comment